សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគំាទ្រចំពោះការបើកទំព័រប្រវត្តិសាស្រ្ត នៃចំណងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត។ នៅក្នុងឱកាសទទួលជួបសវនាការជាមួយ លោកជំទាវ ហ្វែលីស៊ីដេត ដឺសូសាហ្គូតតេរ៉េស (H.E.Mrs. Felicidate De Sousa Guterres)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត ទើបតែងតំាងថ្មី ប្រចំាកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជារដ្ឋសភា សូមគំាទ្រចំពោះទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ។ ខ្ញុំសង្ឃឹមថាទំព័រប្រវត្តិសាស្រ្តថ្មី នៃមិត្តភាពរបស់ប្រទេសយើងទំាងពីរ និងនាំមកនូវផលប្រយោជន៍លើគ្រប់វិស័យ សម្រាប់កម្ពុជា និងទីម័រលេស្ត”។
ចំពោះ លោកជំទាវ ហ្វែលីស៊ីដេត ដឺសូសាហ្គូតតេរ៉េស បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងខិតខំបំពេញបេសកកម្មឲ្យជោគជ័យ ក្នុងអាណត្តិការទូត របស់លោកជំទាវ។ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានសន្យាថានឹងខិតខំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសកម្ពុជា និងទីម័រលេស្ត ឲ្យរឹងមាំផងដែរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរទៅវិញទៅមក។
លោកជំទាវ ឯកអគ្គរដ្ឋទូតបានលើកឡើងពី របបដឹកនាំប្រទេសទីម័រលេស្តថា មានលក្ខណៈខុសគ្នាពី ប្រទេសកម្ពុជាបន្តិចបន្តួច។ ខុសគ្នាត្រង់ថា ទីម័រលេស្ត មានប្រព័ន្ធដឹកនាំប្រទេសដោយប្រធានាធិបតី។ រដ្ឋសភាមានសមាជិកចំនួន៦៥នាក់។ រដ្ឋសភាទីម័រលេស្តមិនមាន សមាជិកសភា មតិភាគច្រើន មតិភាគតិចនោះទេ។ និយាយជារួមសមាជិករដ្ឋសភាគ្មានគណបក្សប្រឆំាងឡើយ។ គណបក្សជាប់ឆ្នោតទំាងអស់ រួមគ្នាដឹកនាំ រដ្ឋាភិបាល និងរដ្ឋសភា។
នៅក្នុងឱកាសនោះ លោកជំទាវ ហ្វែលីស៊ីដេត ដឺសូសាហ្គូតតេរ៉េស ក៏បានជម្រាបជូនសម្តេច ប្រធានរដ្ឋសភា ដែរថា ប្រទេសទីម័រលេស្ត បានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិ របស់សមាគមអាស៊ីអាគ្នេយ៍(អាស៊ាន) កាលពីឆ្នាំ២០១១។ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ រួមទំាងកម្ពុជាផង បានគំាទ្រចំពោះបេក្ខភាពប្រទេសទីម័រលេស្ត។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយទីម័រលេស្ត នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះរដ្ឋសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល នៅតែគំាទ្រ ចំពោះការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រលេស្ត មិនត្រឹមតែគំាទ្រជាសមាជិកអាស៊ានទេ គឺគំាទ្រទីម័រលេស្តជាសមាជិកអន្តរសភាអាស៊ាន (AIPA)ផងដែរ៕
អត្ថតបទនិងរូបភាព នាយកដ្ឋានព័ត៌មាន