សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ចាង លិ អគ្គនាយក និងជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធអចលនទ្រព្យហ្វូលិ ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅឯភូមិគ្រឹះសម្ដេចក្នុង រាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សានោះ លោក ចាង លិ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា សហគ្រាស របស់លោកគឺជាសហគ្រាសធំមួយ នៅប្រទេសចិន ដែលមានទុនវិនិយោគជាង ១០ពាន់លានដុល្លារអាមេរិក និងអាចរកប្រាក់ ចំណេញបានជាង ២,០០០លានដុល្លារ។ លោកបានបន្ថែមថា សហគ្រាស របស់លោក បានចាប់អារម្មណ៍ក្នុងការមកវិនិយោគ នៅប្រទេសកម្ពុជា ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ក៏បានជំរុញអោយសហគ្រាស របស់លោក មកវិនិយោគនៅក្រៅប្រទេសដែរ ជាពិសេសនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបអ្នកសារព័ត៌មាន នៅក្រោយជំនួប នោះថា លោកចាង លិ មានបំណងមកបណ្ដាក់ទុននៅកម្ពុជា ដូចជា គ្រោងបង្កើតរោងចក្រផលិតបារី នៅខេត្តព្រះសីហនុ និងបណ្ដាក់ទុនលើវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យអចលនទ្រព្យ។ ឯកឧត្តម នាយកខុទ្ទកាល័យ បានមានប្រសាសន៍ បន្តថា លោក ចាង លិ បានស្នើសុំ សម្តេចប្រធាន រដ្ឋសភា ជួយគាំទ្រដល់ការវិនិយោគ របស់លោក នៅប្រទេសកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគ របស់សហព័ន្ធអចលនទ្រព្យ ហ្វូលិនៅ ប្រទេសកម្ពុជា។ សម្តេចបានមានប្រសាសន៍បន្តថា បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះទិសដៅតែមួយគត់ របស់ កម្ពុជាសព្វថ្ងៃ គឺជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច អោយបានខ្លំាងក្លា។ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញនិង លើកទឹកចិត្តវិនិយោគិនបរទេស មកបណ្តាក់ទុន នៅកម្ពុជាអោយបានច្រើន ដើម្បីជាកម្លាំងចលករ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច អោយមាន ការរីកចម្រើនឡើង។
សម្តេចមានប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងខ្លំាង ដែលជាឱកាស មួយល្អ សម្រាប់សហព័ន្ធ អចលនទ្រព្យហ្វូលិ មកបណ្តាក់ទុន៕
អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន