រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ី ដើម្បីពង្រឹងពង្រីកចំណង ការទូតនិងពាណិជ្ជកម្ម ប្រទេសទំាងពីរ
ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ី ដើម្បីពង្រឹងពង្រីកចំណង ការទូតនិងពាណិជ្ជកម្ម ប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/10/2016 1:02:49 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌឺមេទ្រី ស្វេតកូស្ស (Dmitry Tsetkor) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព ប្រទេសទំាងពីរឲ្យរឹងមាំបន្ថែមទៀត ទំាងក្នុងវិស័យការ ទូតនិងពាណិជ្ជកម្ម។

មានប្រសាសន៍នៅក្នុងជំនួបនេះ ឯកឧត្តម ឌឺមេទ្រី ស្វេតកូស្ស បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ច នៅកម្ពុជា ដែលអ្នកវិនិយោគទុនរុស្ស៊ីមានការចាប់ អាម្មណ៍ជាខ្លាំង ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ប៉ុន្តែឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីផលលំបាក សម្រាប់អ្នកវិនិយោគរុស្ស៊ី នៅពេលមក បណ្តាក់ទុកនៅកម្ពុជា ដោយសារមានការបង់ពន្ធពីរដងគឺ នៅក្នុងប្រទេសកម្ពុជាផង និងនៅប្រទេសរុស្ស៊ីផង។ នៅត្រង់ចំនុចនេះ ឯកឧត្តម ឌឺមេទ្រី ស្វេតកូស្ស បានលើកជាមតិថា កម្ពុជានិងរុស្ស៊ី គួរតែមានកិច្ចព្រមព្រៀងលើការអនុគ្រោះពន្ធ មានន័យថា ពេលអ្នកវិនិយោគទុនរុស្ស៊ី មកបណ្តាក់ ទុននៅកម្ពុជា ពួកគេត្រូវបង់ពន្ធតែក្នុងប្រទេសកម្ពុជា ដូចគ្នានេះ នៅពេលអ្នកវិយោគទុនកម្ពុជា ទៅវិនិយោគនៅរុស្ស៊ី ពួកគេក៏ត្រូវបង់ពន្ធតែនៅក្នុង ប្រទេសរុស្ស៊ី។

ក្រៅពីការលើកឡើងនូវសំណើដូចខាងលើនេះ ឯកឧត្តម ឌឺមេទ្រី ស្វេតកូស្ស បានសំណូមពរដល់ រដ្ឋសភាកម្ពុជាជួយជំរុញ និងបង្កើនកិច្ចសហប្រតិ បត្តិការ ឲ្យកាន់តែរឹងមាំថែមទៀត រវាងរដ្ឋសភានិងរដ្ឋាភិបាល ប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ រវាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឲ្យបានច្រើនថែមទៀត។

ឯកឧត្តម ឈាង វុន បានគំាទ្រចំពោះប្រសាសន៍របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានលើកឡើងពីចំណង មិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជានិងរុស្ស៊ី ដែលមានតំាងពីយូរមកហើយ ពោលគឺចាប់តំាងពីឆ្នាំ១៩៥៦ មកម្ល៉េះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានជួយគំាទ្រ ដល់ប្រទេសកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបរំដោះចេញ ពីរបបខ្មែរក្រហម។ មិនតែប៉ុណ្ណោះ រុស្ស៊ី គឺជាមិត្តរបស់កម្ពុជាមួយ ដែល បានចូលរួមចំណែក យ៉ាងសកម្មក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍឲ្យកម្ពុជា រហូតមក។

សូមជម្រាបថាប្រទេសកម្ពុជានិងរុស្ស៊ី មានចំណង មិត្តភាព កាន់តែល្អ នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភា ទៅវិញទៅមកជាបន្តបន្ទាប់។ ក្នុងពេលឆាប់ៗនេះ គឺនៅក្នុងខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ហើយកាលពីឆ្នាំកន្លងទៅនេះ នាយករដ្ឋមន្រ្តី និងអនុប្រធានព្រឹទ្ធសភារុស្ស៊ី បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ កាលពីខែមេសា កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅរុស្ស៊ីផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត ប្រទេសរុស្ស៊ីប្រចំានៅកម្ពុជា ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច ទៅវិញទៅមករវាងថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗនៃប្រទេសទំាងពីរបែបនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទំាងវិស័យការទូត និងពាណិជ្ជកម្ម នៃប្រទេសទំាងពីរ ប្រាកដជាមានការរីកចម្រើនកាន់តែខ្លំាងឡើង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន