ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយលោក ដេនីស ស្រាយជ៍ (Denis Schrey)ប្រធាន មូលនីធិខុនរ៉ាដ អាឌិនណៅអ៊ែរ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ និង លោក រឺនេ ហ្រ្គែតវ៉ល (Rene Gradwohl) ប្រធានថ្មី នៃមូលនីធិខុនរ៉ាដ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ជំនួបពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តគម្រោងជំនួយ របស់មូលនីធិខុនរ៉ាដ បន្តទៀត ដល់គណៈកម្មការជំនាញរបស់រដ្ឋសភាទំាងពីរខាងលើ គឺ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លើការងារនីតិកម្ម។
មានប្រសាសន៍ក្នុងឱកាសនោះ លោក រឺនេ ហ្រ្គែតវ៉ល ប្រធានមូលនីធិថ្មី របស់ខុនរ៉ាដ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ខុនរ៉ាដ នៅតែបន្តគាំទ្រ ដល់គណៈកម្មការទំាងពីរខាងលើ តាមសំណូមពរ បន្តទៀត។ មូលនីធីខុនរ៉ាដ បានជួយគំាទ្រ គណៈកម្មការជំនាញទំាងពីររយៈពេល៤ឆ្នាំមកហើយ។
សូមបញ្ជាក់ថា មូលនីធិខុនរ៉ាដ គឺជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយ មកពីប្រទេសអាល្លឺម៉ង់។ លោក រឺនេ ហ្រ្គែតវ៉ល បានគូសបញ្ជាក់ថា ការផ្តល់ ជំនួយដល់ រដ្ឋសភាកម្ពុជា អង្គការនេះបានផ្តោតជាសំខាន់ ការយកចិត្តទុកដាក់លើចំនុចចំនួនបី គឺការធ្វើវិសោធនកម្មច្បាប់ ការតាក់តែងច្បាប់ និង ការពិនិត្យ សិក្សាច្បាប់ ដែលស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើគោលនយោបាយ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការពង្រឹងសមត្ថភាពច្បាប់។
ទំាងឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និងឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ស្វាគមន៍ ចំពោះការបន្តគម្រោងគំាទ្រដល់ គណៈកម្មការជំនាញ របស់រដ្ឋសភាបន្តទៀត របស់មូលនីធិខុនរ៉ាដ។ ឯកឧត្តមទំាងពីរ ក៏បានថ្លែងអំណរគុណចំពោះ ខុនរ៉ាដ និងរដ្ឋាភិបាលអាល្លឺម៉ង់ ក៏ដូចជាលោកប្រធាន ខុនរ៉ាដ ដែលចប់អាណត្តិ ដែលបានខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងខុនរ៉ាដ និងរដ្ឋសភាកម្ពុជា ដើម្បីឲ្យមានជំនួយជាបន្តបន្ទាប់ ក្នុងការពង្រឹង សមត្ថភាពនីតិកម្មនេះ។
ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា ការត្រួតពិនិត្យ ដើម្បីធ្វើវិសោធនកម្មច្បាប់មួយៗ ដែលបានអនុវត្តន៍កន្លងមក ជាកិច្ចការលំបាកមួយ ពីព្រោះតម្រូវឲ្យមានការសិក្សាល្អិតល្អន់ ស្តាប់មតិយោបល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកអនុវត្តច្បាប់ ពីព្រោះថាវិសោធនកម្មគឺកែប្រែច្បាប់ឲ្យស្រប ទៅតាម ការវិវឌ្ឍន៍របស់សង្គម។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងពីកិច្ចការចំពោះមុខដែលការងារនីតិកម្ម របស់រដ្ឋសភាកំពុងផ្តោតការយកទុកដាក់ ក្នុងនោះរដ្ឋសភា កំពុង សិក្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលមានមជ្ឈដ្ឋានជាច្រើន នៅមិនទាន់យល់ច្បាស់ពីអត្ថន័យ និងអត្ថប្រយោជន៍សេចក្តីព្រាងច្បាប់ នេះ នៅឡើយ។
សូមជម្រាបថា ក្រៅពីជួយគំាទ្រកសាងសមត្ថភាពនីតិកម្ម ដល់គណៈកម្មការជំនាញរបស់រដ្ឋសភា មូលនីធិខុរ៉ាដ បានជួយដល់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ផងដែរ ក្នុងនោះមានការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាពរបស់មន្រ្តី ដើម្បីបម្រើការងារ ជូនសមាជិកសមាជិការដ្ឋសភា ប្រកបដោយ គុណភាព៕
អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន