ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក ដេនីស ស្រាយជ៍ (Denis Schrey) អតីតប្រធានមូលនីធិខុនរ៉ាដ ដែលត្រូវចប់អាណត្តិ ពីកម្ពុជា និង លោក រឺនេ ហ្រ្គែតវ៉ល (Rene Gradwohl) ប្រធានថ្មី នៃមូលនីធិ ខុរ៉ាដ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន របស់លោកប្រធានមូននីធិខុនរ៉ាដថ្មី ដែលត្រូវបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះមូលនីធិ ដែលបានផ្តល់ការគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្ម ក្នុង ជួយកសាង និងអភិវឌ្ឍសភាកម្ពុជានាពេលកន្លងមក ក្នុងនោះការជួយលើកកម្ពស់សមត្ថភាពផ្នែកច្បាប់ដល់សមាជិក សមាជិការដ្ឋសភា និងមន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានកោតសរសើរចំពោះបេសកកម្មការងារដ៏ជោគជ័យ របស់លោក ដេនីស ស្រាយជ៍ ផងដែរ។ ឆ្លៀត ឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំឲ្យមូលនីធិខុនរ៉ាដ បន្តជួយគាំទ្រដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងនាយកដ្ឋានព័ត៌មាន របស់អគ្គ លេធិការដ្ឋានរដ្ឋសភា បន្តទៀត។
ជាការឆ្លើយតប លោក ដេនីស ស្រាយជ៍ អតីតប្រធាន មូលនី ធិខុរ៉ាដ បានសម្តែងនូវអំណរគុណ ចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានផ្តល់ កិច្ចសហការយ៉ាងល្អជាមួយមូលនីធិ នាពេលកន្លងមក។ លោកមានក្តីសង្ឃឹមយ៉ាងមុតមំាថា កិច្ចសហការនេះ នឹងនៅតែបន្ត ទៅអនាគត។ លោក ដេនីស បានគំាទ្រចំពោះសំណើរបស់ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ហើយបានអះអាងថា សំណើទាំងនេះស្ថិតនៅក្នុងផែនការថ្មីរបស់មូលនីធិ រួចហើយដោយនៅចាំតែការអនុវត្តប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក រឺនេ ហ្រ្គែតវ៉ល អ្នកត្រូវបន្តវេន ជាប្រធានថ្មី នៃមូលនីធិខុនរ៉ាដ ប្រចំានៅកម្ពុជាវិញ បានលើកឡើងថា លោកមានក្តីសោមនុស្ស រីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ហើយលោកប្តេជ្ញាចិត្តនឹងបន្តបេសកកម្មរបស់មូលនីធិខុនរ៉ាដ ក្នុងការជួយគាំទ្រដល់សភាកម្ពុជា ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងទទួល បានលទ្ធផលជាផ្លែផ្កា បន្ថែមទៀត។
សូមបញ្ជាក់ថា មូលនីធិខុនរ៉ាដ ប្រចាំនៅកម្ពុជា ជាដៃគូអភិវឌ្ឍន៍របស់កម្ពុជាសំខាន់មួយ ចាប់តាំងពីឆ្នាំ១៩៩៤មក។ អង្គការនេះមានបេសកកម្ម ផ្តោតលើការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធមនុស្ស៕