សភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩ នាចុងឆ្នាំ២០១៦ខាងមុខនេះ បន្ទាប់ពី បានទទួល រៀបចំមហាសន្និបាតលើកទី៨ ដោយជោគជ័យ កាលពីដើមខែធ្នូ ឆ្នាំ២០១៥។
ដើម្បីរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី (APA )ឲ្យទទួលបានលទ្ធផលល្អទៀតនោះ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សភាកម្ពុជាបានបើកកិច្ចប្រជុំមួយ ដើម្បីរៀបចំផែនការ និងកាលវិភាគការងារ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបើកមហាសន្និបាត។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា សភាតំប់អាស៊ី(APA)ដែលមានសមាជិក៤២ប្រទេស តែងតែរៀបចំមហាសន្និបាតប្រចំាឆ្នាំ ជារៀងរាល់ឆ្នាំ។ ប្រទេសដែលទទួលរៀបចំ មហាសន្និបាតត្រូវរៀបចំនួនពីរឆ្នាំជាប់គ្នា។ ដូចជា សភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលរៀបចំមហាសន្និបាត លើកទី៨ ដូច្នេះត្រូវទទួល រៀបចមហាសន្និបាតលើកទី៩ ទៀត។ ជាមួយគ្នានេះ មុននឹងឈានដល់ថ្ងៃរៀបចំមហាសន្និបាតប្រចំាឆ្នាំ APA តែងតែរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិរបស់ខ្លួនផងដែរ។ ជាមួយភារកិច្ចនេះ ចាប់ពីពេលនេះ រហូតដល់ថ្ងៃរៀបចំមហាសន្និបាតលើកទី៩ សភាកម្ពុជាមានភារកិច្ចជាច្រើនត្រូវបំពេញ ក្នុងនាមប្រទេសម្ចាស់ផ្ទះរៀបចំមហាសន្និបាត។
យោងតាម ប្រតិទិនការងារ ក្នុងការត្រៀមរៀបចំ មហាសន្និបាតលើកទី៩ សម្រាប់ខែកុម្ភៈនេះ សភាកម្ពុជា ត្រូវបង្កើតគណៈកម្មការរៀបចំ អនុគណៈកម្មការកិច្ចប្រជុំ និងលេខាធិការដ្ឋានជាតិកម្ពុជាAPA ក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និងមហាសន្និបាតAPA លើកទី៩។ បង្កើតសមាសភាព គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ លើកទី២ មហាសន្និបាត(APA) លើកទី៩ និងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ទំាង៤ ព្រមទំាងគណៈកម្មាធិការពិសេសជាដើម៕
អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន