រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មកបំភ្លឺជូនគណៈកម្មការជំនាញរដ្ឋសភា អំពីតំបន់ឆ្នេរសាធារណៈ និងសហគមន៍ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មកបំភ្លឺជូនគណៈកម្មការជំនាញរដ្ឋសភា អំពីតំបន់ឆ្នេរសាធារណៈ និងសហគមន៍ទេសចរណ៍
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/20/2015 2:36:20 PM )

រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេរសាធារណៈ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មកគ្រប់គ្រងវិញ ហើយរដ្ឋនឹងរៀបចំឲ្យមាន សោភ័ណ្ឌភាពដើម្បី ទុកឲ្យពលរដ្ឋដើរលំហែកម្សាន្ត នេះជាការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំសហការីមកបំភ្លឺ អំពីតំបន់ឆ្នេរសាធារណៈ និងសហគមន៍ទេសចរណ៍ ជូនគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហែម ខន ប្រធានស្តីទី នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ឆ្នេរសមុទ្រកម្ពុជា មានប្រវែង៤៤០គ.ម គ្របដណ្តប់លើខេត្ត៤ គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ដែលមានភាពទាក់ទាញពីធម្មជាតិ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទឹកសមុទ្រថ្លាពណ៌ខៀវ មានជីវៈចម្រុះ ភ្នំ កោះ ពពួកសត្វសមុទ្រ រុក្ខជាតិសមុទ្រ ព្រៃកោងកាង ជាង៥០.០០០ហិចតា តំបន់រាមសារ និងមានធនធានកម្រផ្សេងៗទៀត។ កត្តាទាំងអស់ នេះបានធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក កាលពីមហាសន្និបាតលើកទី៧ របស់ក្លិប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នាទីក្រុងតូបាគូតា ប្រទេសសេណេហ្គាល់ ។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ឲ្យដឹងថា ទេសចរណ៍កម្ពុជាគឺ ទេសចរវប្បធម៌ និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍ ដោយឈរ លើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។ វិស័យទេសចរណ៍ជាមាសបៃតង ដែលបានចូលរួមចំណែកដល់ការកសាង សេដ្ឋកិច្ចកម្ពុជា ទៅតាមផែនការកំណែទម្រង់វិស័យទេសចរណ៍កម្ពុជា (២០១៥-២០១៨) ដែលកំណត់យកឆ្នេរសមុទ្រជាតារារះនាទិសនីរតី ក្នុងលំដាប់លេខ២ បន្ទាប់ពីអង្គរវត្ត ដោយឈរលើគោលការណ៍ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

ទាក់ទិននឹងសហគមន៍ទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសហគមន៍ ទេសចរណ៍ចំនួន៥៦ ក្នុងខេត្តចំនួន១៦ ដែលបាននឹង កំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ ដោយចែកចេញជា សហគមន៍ទេសចរណ៍ បែបអេកូទេសចរណ៍ មានចំនួន២៦កន្លែង បែបវប្បធម៌ចំនួន២កន្លែង បែបធម្មជាតិ២៤កន្លែង បែបវប្បធម៌និងធម្មជាតិចំនួន២កន្លែង បែបវប្បធម៌ និងប្រវត្តិសាស្ត្រ មាន១កន្លែង និងមានសហគមន៍ទេសចរណ៍បែបកែច្នៃ មាន១កន្លែងផងដែរ។

សហគមន៍ទេសចរណ៍ទាំងនោះ បានចូលរួមចំណែក ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ មូលដ្ឋានតាមរយៈការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះដែរឯកឧត្តម ថោង ខុន ក៏បាន បានបញ្ជាក់ដែរថា សហគមន៍ទេសចរណ៍យើង ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាគ្មានយុទ្ធសាស្ត្រទីផ្សាររួម គ្មានទំនាក់ទំនង ជាមួយផ្នែកឯកជន គុណភាពសេវាកម្មនៅមានកម្រិត ជាពិសេសសហគមន៍ត្រូវការច្បាប់ទេសចរណ៍ ដែលក្រសួងនឹងបញ្ជូនមកសុំ ការអនុម័ត ពីរដ្ឋសភានាពេលខាងមុខនេះ។

ឯកឧត្តម ហែម ខន ប្រធានស្តីទី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងសហការី និងសាកសួរនូវចម្ងល់មួយចំនួនរួចមក ក៏បាន សម្តែង ការកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដែលខិតខំប្រឹងប្រែងបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ពិសេសការរិះរកវិធីសាស្ត្រផ្សេងៗ ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ សម្រាប់រួមចំណែកជួយកាត់បន្ថយ ភាពក្រីក្រជូន ប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន