រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា កំពុងមមាញឹក ក្នុងការត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៨ ដែលប្រារព្ធធ្វើនៅខែធ្នូខាងមុខនេះ
រដ្ឋសភាកម្ពុជា កំពុងមមាញឹក ក្នុងការត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៨ ដែលប្រារព្ធធ្វើនៅខែធ្នូខាងមុខនេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/12/2015 2:20:43 PM )

បើគ្មានអ្វីប្រែប្រួលនោះទេ សភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើ​ជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនៃសភាតំបន់អាស៊ី (APA)​ លើកទី៨ នាដើមខែធ្នូ ឆ្នាំ២០១៥ ​ខាងមុខនេះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ នៅរាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាប្រធានរដ្ឋសភា ព្រឹទ្ធ​សភា បណ្តាប្រទេស ជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ ព្រមទំាងមាន គណៈប្រតិភូបរទេស ជាអង្គការ សង្កេតការណ៍ ជាច្រើនទៀត នឹងអញ្ជើញមកចូល​រួមក្នុងមហាសន្និបាតនេះ ផងដែរ។

នៅក្នុងដំណើរឆ្ពោះទៅរៀបចំមហាសន្និបាតដ៏ធំនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានកំពុង​មមាញឹក ក្នុងការចាត់ចែងរៀបចំ ការងារទំាងក្នុង និង ក្រៅប្រទេស ដើម្បីឲ្យមហាសន្និបាតដំណើរការដោយរលូន ទទួលបានជោគជ័យ និងសក្តិសម ទៅនឹងមុខមាត់កិត្តិយសប្រទេសជាតិ។ ក្រោមការ ចង្អុលបង្ហាញ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានដាក់ចេញផែនការ ដោយបានធ្វើ ការបែងចែកភារកិច្ច ការងារ​ដល់អង្គភាពនានា នៅក្រោមឱវាទ អនុវត្ត ជាច្រើនខែមកហើយ ដើម្បីត្រៀមរៀបចំមហាសន្និបាត នេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ កិច្ចការទំាងអស់នោះ ដោយមានការចូលរួមប្រជុំ ពីមន្រ្តីពាក់ព័ន្ធមួយចំនួន ដែលមានភារកិច្ច នៅក្នុងការរៀបចំ ដំណើរការមហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី នេះ។

អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលការងារ ដែលអង្គភាពនីមួយៗ បានអនុវត្ត    នាពេលកន្លងមក ដែលមានដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលមានការអញ្ជើញគណៈប្រតិភូបរទេស ការឆ្លើយតប និងសំណូមពរទំាងឡាយ ពីភ្ញៀវដែលនឹងអញ្ជើញមកចូលរួមម​ហា​សន្និបាត។ ការពិនិត្យ​លើ​របៀបវារៈមហាសន្និបាត ការត្រៀមរៀបចំសេវាកម្ម សម្ភារៈ និងធនធានមនុស្ស ជាដើម។

យោងតាមការរាយការណ៍ពីថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានបង្ហាញថាកិច្ចការជាច្រើនត្រូវបានសម្រេច គឺត្រៀមចំាតែថ្ងៃប្រារព្ធពិធីតែប៉ុណ្ណោះ។

ទោះយ៉ាងណា ឯកឧត្តម ឡេង ប៉េងឡុង បានផ្តំាផ្ញើដល់មន្រ្តីទំាងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបន្តទៀត។ ឯកឧត្តមបានជំរុញ ដល់មន្រ្តីទំាងអស់ ត្រូវបញ្ចប់រាល់ការងារទំាងឡាយណាដែលសេសសល់ឲ្យរួចរាល់ នៅក្នុងពាក់កណ្តាល ខែវិច្ឆិកានេះ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជំរុញដល់នាយកដ្ឋានព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ខិតខំរកមធ្យោបាយ ក្នុងការ ផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដល់សាធារណជនបានដឹង ពិសេសត្រូវធ្វើការទំនាក់ទំនងជាមួយបណ្តាញ ព័ត៌មាន រដ្ឋ និងឯកជន ដើម្បីរួមសហការគ្នា ធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយពីមហាសន្និបាតនេះ បានទូលំទូលាយ។

ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថាព្រឹត្តិការណ៍ដ៏ធំនេះ ជាកិត្តិយសប្រទេសជាតិ និងប្រជាជនកម្ពុជាទំាងមូល។ មហាសន្និបាតនេះ នឹងបង្ហាញ ឲ្យពិភពលោកបានឃើញពីការខិតខំ របស់សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការផ្សះផ្សា    ជាតិសាសន៍នៅក្នុងតំបន់ និងពិភពលោក។

សូមជម្រាបដែរថា ប្រធានបទនៃមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលនេះគឺ “ ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់”។

សភាតំបន់អាស៊ី បានបង្កើតឡើងក្នុងគោលបំណងនៃការជំរុញសុខសន្តិភាព និង សមារណកម្ម សម្រាប់តំបន់អាស៊ីទំាងមូល ដោយផ្អែកលើមូលដ្ឋាន នៃប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នា នូវស្ថិរភាពនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត សម្រាប់តំបន់ អាស៊ី។

សភាតំបន់អាស៊ី (Asian Parliament Assembly ) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយ​បានប្តូរឈ្មោះមកពី សមាគមន៍សភាអាស៊ីដើម្បី សន្តិភាព (The Association Of Asian Parliamentfor Peace)ដែលបានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មក​ម្លេះ។ រហូតមកដល់ពេលនេះ សភាតំបន់អាស៊ី មានសមាជិកពេញសិទ្ធិ ចំនួន៤២ប្រទេស សមាជិកអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស៕​

          អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន