គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ ដោយមានការ ចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀត នៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហការី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែល ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលផលពីសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏កំពុងបន្តដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាសង្គមជាតិ ដោយភាពស្មោះត្រង់ព្រមជាមួយនឹង ការខិតខំពង្រឹង លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏កំពុងតែបន្តអនុវត្តការកែទម្រង់ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីឆ្លើយតប ទៅនឹងឆន្ទៈបំណងប្រាថ្នា របស់ប្រជាជន ដូចដែលមានចែងក្នុងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ឯកឧត្តម បញ្ជាក់ថា ថវិកាឆ្នាំ២០១៦ គឺពិតជា ឧបករណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិ ដើម្បីឆ្លើយតបទៅនឹងចំណុចអាទិភាព ដែលជា តម្រូវការចាំបាច់ របស់ក្រសួងនិងស្ថាប័ននានា ក្នុងការខិតខំបង្កើនប្រសិទ្ធភាពការងារ។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានវាយតម្លៃខ្ពស់និងកោតសរសើរជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានប្រឹងប្រែងក្នុងការតម្លើងប្រាក់បៀវត្ស ជូនកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីអោយមានជីវភាពរស់នៅ កាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិតរដ្ឋ បានបន្តថា សេចក្តីព្រាងច្បាប់នេះ មិនមានរៀបចំធ្វើសិក្ខាសាលាដូចសេចក្តីព្រាងច្បាប់មុនៗទេ ដោយសារតំណាងរាស្រ្តភាគច្រើន បានយល់ច្បាស់ រួចហើយ។
ឯកឧត្តមបណ្ឌិតរដ្ឋបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាល នាពេលនេះហើយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីសម្រេច ដាក់បញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នៃរដ្ឋសភា នាពេលខាងមុខ។
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន