លោកជំទាវ ឃួន សុដារី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិកសភាស្រ្តី ដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួម មហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី (APA) ដែលសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៨ ដែលប្រារព្ធធ្វើពីថ្ងៃទី៧ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ នោះនឹងមានកិច្ចប្រជុំរបស់សមាជិកសភាស្រ្តីរបស់ APA ផងដែរ។
លោកជំទាវបានគួសបញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានវាគ្មិនសំខាន់ៗ មកពីអង្គការសហប្រជាជាតិ និងក្រសួងកិច្ចការនារីកម្ពុជា នឹងមកធ្វើ បទបង្ហាញជួនដល់សមាជិកសភាស្រ្តី ពីទិសដៅក្នុងការអនុវត្ត គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ និងការងាររបស់ ក្រសួង កិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្រុមសមាជិកសភាស្រ្តីកម្ពុជា ងាយស្រួយកំណត់ប្រធានបទ សម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តី អេភីអេ នៅក្នុងមហាសន្និបាតលើកទី៨ អេភីអេ នោះ៕
អត្ថបទព័ត៌មាននិងរូបថតដោយនាយកដ្ឋានព័ត៌មាន