ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ថាប្រជាកសិករ នៅក្នុងខេត្តត្បូងពេជ្រនេះ បាននឹងកំពុងដំាដុះ ដំណាំកសិកម្ម ជាច្រើនមុខដែលធ្វើឲ្យជីវភាពពួកគាត់ មានការរីកចម្រើន ជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិន ធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែ ច្រើនមុខទៀត ។
បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។
ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវ របស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។
“បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុនឯកជន ផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រ នេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ ឯកឧត្តម អៀង វុធ។
ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរប រកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។
ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យជួយបណ្តុះបណ្តាលពួកគាត់បន្ថែមទៀត នូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធ ធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។
ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោបាយដោះស្រាយជូនប្រជាពលរដ្ឋ “។
ឯកឧត្តម ប៉ុល ហំម និងសហការី បានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានាក្នុងខេត្ត ព្រមទំាងបានធ្វើឲ្យប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានគណៈកម្មការជំនាញរដ្ឋសភា បានគំាទ្រនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននេះ ឲ្យបន្តខិតខំដោះស្រាយ រាល់បញ្ហាកង្វល់ របស់ប្រជាពលរដ្ឋដែលមាន ដូចជាបញ្ហាទឹក និងបច្ចេកទេសកសិកម្មនេះ។
ឯកឧត្តម ប៉ុល ហំម បានគូសបញ្ជាក់ថា ដោយខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលខ្លំាងក្នុងការធ្វើកសិកម្ម ដីក៏មានជីវជាតិ ចំណែកទីផ្សារ លក់កសិផលក៏ធំទូលាយ ដោយសារនៅជាប់នឹងប្រទេសថៃ ជាទីផ្សារដ៏សំខាន់មួយ ដែលអាចទិញកសិផលពីប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះទៅទៀត ឯកឧត្តម បានស្នើដល់អាជ្ញាធរខេត្ត ជួយស្វែងរកទីផ្សារលក់កសិផល ជូនប្រជាពលរដ្ឋឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ ដល់ការដំាដុះរបស់កសិករឲ្យកាន់តែមានការរីកចម្រើន៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន