សិក្ខាសាលា ដែលផ្ដោតទៅលើការអភិវឌ្ឍ សមត្ថភាពធនធានមនុស្ស ពីបណ្ដាប្រទេសជាសមាជិកអន្តរសភាអាស៊ាន អាយប៉ា មានការចូលរួម ធ្វើបទបង្ហាញពីបណ្ដាវាគ្មិនជាតិ អន្តរជាតិ បានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ក្រោមប្រធានបទស្ដីពី «ក្របខណ្ឌ នៃការអភិវឌ្ឍសមត្ថភាពធនធានមនុស្សលើកទី១» ។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានលើកឡើងថា សិក្ខាសាលាស្ដីពី ក្របខណ្ឌ នៃការអភិវឌ្ឍសមត្ថភាព ធនធានមនុស្សលើកទី១ គឺជាការជួបជុំដ៏សំខាន់មួយ ព្រោះមានប្រយោជន៍យ៉ាងធំ ចំពោះនីតិប្បញ្ញត្តិ នៃប្រទេសអាស៊ាន ជាពិសេស ចំពោះនីតិប្បញ្ញត្តិកម្ពុជា។
ឯកឧត្ដម ឡេង ប៉េងឡុង ក៏បានរម្លឹកដល់ សោកវិនាសកម្ម នៃធនធានមនុស្ស កម្ពុជាក្នុងរបប ប៉ុល ពត ដែលជាហេតុធ្វើឲ្យ កម្ពុជានៅតែមានចំណោទធំ នៅឡើយ ចំពោះបញ្ហាធនធានមនុស្ស ពោលគឺ ធនធានមនុស្សប្រកបដោយសមត្ថភាព។
ឯកឧត្ដម សង្ឃឹមថា សិក្ខាសាលានាឱកាសនេះ នឹងធ្វើឲ្យលេចចេញនូវទស្សនៈជាមូលដ្ឋានជាច្រើន ដែលនឹងរួមវិភាគទាន ដល់ការកសាងក្របខណ្ឌ នៃការកសាងធនធានមនុស្ស ដែលតម្រូវដល់សភាពការណ៍រីកចម្រើន នៃសមាគមអាស៊ាន ជាពិសេសដល់កម្ពុជាដែលកំពុងអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយវាគ្មិនជាតិ អន្តរជាតិ និងតំណាងប្រទេសជាសមាជិកអាយប៉ានីមួយៗ បានធ្វើការ ចែករំលែកនូវបទពិសោធន៍ នៃការកសាងធនធានមនុស្ស នៃប្រទេសរៀងៗខ្លួន ជូនអង្គសិក្ខាសាលា ដើម្បីជាវិភាគទានដល់ការកសាង ក្របខណ្ឌ ធនធានមនុស្ស ដែលតម្រូវដល់សភាពការណ៍រីកចម្រើននៃសមាគមអាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ានតែ១នាចុងឆ្នាំ២០១៥ខាងមុខ។
សូមបញ្ជាក់ថាសិក្ខាសាលានេះ មានរយៈពេល២ថ្ងៃគឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដែលរៀបចំឡើង ក្រោមកិច្ចសហការ រវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា លេខាធិការដ្ឋានអាយប៉ា អង្គការ German CooperationនិងGIZ។ សិក្ខាកាមដែលអញ្ជើញចូលរួម ក្នុងអង្គសិក្ខាសាលា នេះមានតំណាងមកពីបណ្ដាប្រទេសជាសមាជិកអាយប៉ា ទាំង១០៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន