សភាតំបន់អាស៊ី ដែលហៅកាត់ថា (APA) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ខ្លួន ក្រោមប្រធានបទស្តីពី “ការផ្សាភ្ជាប់កំណើនសេដ្ឋកិច្ច ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសន្តិភាព និងវិបុលភាព “ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៥ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីសមាជិកចំនួន ២២ ប្រទេស។
មានប្រសាសន៍ក្នុងពេលបើកកិច្ចប្រជុំ ឯកឧត្តម ហ្វាតលី ស៊ុន (Fadli Zon)អនុប្រធានរដ្ឋសភា ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា កិច្ចប្រជុំនេះ ជាការជួបជុំមួយដ៏មានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេស គឺដើម្បីពង្រឹងតួនាទីរបស់ APA ក្នុងការឈានទៅអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព នៅដើមឆ្នាំ ២០១៦ ខាងមុខ។
ឯកឧត្តម បានលើកឡើងបន្តថា ការលុបបំបាត់ភាពក្រីក្រជាកត្តាចម្បង នៅក្នុងតំបន់អាស៊ី ហើយបញ្ហាកំណើនសេដ្ឋកិច្ច ប្រកបដោយចេរភាព ក៏ជាបញ្ហា ដ៏ចម្បង របស់ តំបន់នេះ ដែរ នាពេលអនាគត។ ភាពលូតលាស់ណាមួយនៅក្នុងតំបន់អាស៊ី គឺជាកត្តាមួយ ដែលមានឥទ្ឋិពលផ្ទាល់ទៅដល់សេដ្ឋកិច្ច ពិភពលោក ។
“ វេទិកាជួបជុំសមាជិកសភា តំបន់អាស៊ី នាពេលនេះជាទិដ្ឋភាព ដ៏សមស្រប នៅក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ី និងពិភពលោកហើយជាការផ្តល់នូវឱកាសដ៏ល្អសម្រាប់ សមាជិកសភា ក្នុងការផ្លាស់ប្តូរ នូវទស្សនៈ និងបទពិសោធន៍អំពីបញ្ហាជាច្រើន ដែលបានកើតឡើងនៅក្នុងតំបន់យើងនេះ “ នេះជាការសង្កត់ធ្ងន់ របស់ ឯកឧត្តម ហ្វាតលី ស៊ុន ។
ឯកឧត្តម អនុប្រធានរដ្ឋសភា ប្រទេសឥណ្ឌូនេស៊ី ក៏បានបង្ហាញពីក្តីបារម្ភ ចំពោះបញ្ហាប្រឈម មួមចំនួន ដែលកំពុងកើតមានឡើង នៅក្នុងតំបន់ ដែលមានជាអាទិ៍ អំពើភេរវកម្ម អំពើហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ ជាដើម ដែលបញ្ហាទំាងអស់នេះ តម្រូវឲ្យសមាជិកសភា តំបន់អាស៊ី ទាំងអស់ តំណាងឲ្យប្រជាពលរដ្ឋរាប់លាននាក់ ត្រូវក្រោកឈរ និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិ នៃសភាតំបន់អាស៊ី (APA) ក៏បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងស្របតាមទិសស្លោកដែលសភាសមាជិកAPAប្រាថ្នាចង់បានគឺ “សតវត្សអាស៊ី”។ “សតវត្សអាស៊ី” ដែលការអភិវឌ្ឍជាជម្រើស និងក្តីបំណងប្រាថ្នា របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ប្រាថ្នាចង់បាននោះ គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខមាលភាព វិបុលភាព ស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងពី ស្ថានការណ៍ជាក់ស្តែង ក្នុងប្រទេសកម្ពុជា ក្រោយការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា មានការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ជាពិសេសកម្ពុជាទទួលបាន សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយពេញបរិបូរ។
ក្នុងនាមប្រតិភូសភាកម្ពុជា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះ រដ្ឋសភាឥណ្ឌូនេស៊ី ដែលបានត្រៀមលក្ខណៈសម្បត្តិល្អ ក្នុងការត្រៀម អនុវត្តគោលដៅ អេសឌីជី ដោយបានបង្កើតក្រុមការងារពិសេស អេសឌីជី (SDGs Task Force)។ ឯកឧត្តមបណ្ឌិត មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំ គណៈកម្មការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នាពេលនេះ នឹងអនុម័តនូវសេចក្តីព្រាងនៃសេចក្តីសម្រេចនានា ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៅប្រទេសប៉ាគីស្ថាន នាខែកញ្ញា ហើយបន្ទាប់មកនឹងត្រូវអនុម័តនាមហាសន្និបាតពេញអង្គលើកទី៨ របស់ APA នៃព្រះរាជាណាចក្រកម្ពុជា នាខែធ្នូ ចុងឆ្នាំ២០១៥នេះ។
ឆ្លៀតឱកាសដ៏មានតម្លៃនោះ តំណាងឲ្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាម ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី៨ របស់ APAបានអញ្ជើញឯកឧត្តម លោកជំទាវ ដែលជា គណៈប្រតិភូទំាងអស់ នៃសមាជិកសភាតំបន់អាស៊ី ថា “ខ្ញុំសូមអញ្ជើញ ឯកឧត្តម លោកជំទាវទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមអញ្ជើញចូលរួមមហាសន្និបាតនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ”៕