សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សុខដុមសាសនា ត្រូវគោរពគ្នា សាមគ្គីគ្នាជិតស្និទ្ធ និងស្មោះត្រង់ អធ្យាស្រ័យ និងយោគយល់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សុខដុមសាសនា ត្រូវគោរពគ្នា សាមគ្គីគ្នាជិតស្និទ្ធ និងស្មោះត្រង់ អធ្យាស្រ័យ និងយោគយល់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/30/2015 3:29:20 PM )

ព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវសិទ្ធិសេរីភាព ខាងជំនឿសាសនា ដល់ពលរដ្ឋទំាងអស់ ដូចមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ យើងបានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលទៅក្នុងបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ សំដៅជំរុញដល់ភាពសុខដុមរមនា សុខសន្តិភាព ការអភិវឌ្ឍរួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក នៃសាសនាទំាងអស់” នេះជា ប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាស សម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “សុខដុមនីយកម្មក្នុងវិស័យសាសនានៅកម្ពុជា” នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះ។

គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានរៀបចំសិក្ខាសាលាស្តីពី ”សុខដុមនីយកម្មក្នុងវិស័យ សាសនានៅកម្ពុជា” ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីតំណាងសាសនានានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា មានព្រះពុទ្ធសាសនា គ្រឹស្ទសាសនា និងឥស្លាមសាសនាជាដើម។

មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អង្គសិក្ខាសាលានេះ បានរៀបចំឡើងស្របពេលដែល ពិភពលោកទំាងមូលកំពុងស្វែង​រកភាព សុខដុមរមនា និងចម្លើយឆ្លើយតបនឹងការគំរាមកំហែងពីការរីករាលដាលនៃភាពជ្រុលនិយមខាងសាសនា អំពើភេរវកម្ម សង្គ្រាមស៊ីវិល វិបត្តិសេដ្ឋកិច្ច ភាពក្រីក្រ ការរីករាលដាល​នៃជំងឺដង្កាត់ផ្សេងៗ និងការប្រែប្រួលអាកាសធាតុជាដើម ដែលទាមទារឲ្យមាន ការជួបប្រជុំគ្នាពិភាក្សា ប្រមូលផ្តុំនូវបទពិសោធន៍ និងចំណេះដឹងល្អៗ ដើម្បីយកមកជាគោលនយោបាយឬជាគោលមាគ៌ាក្នុងបញ្ហាខាងលើ។

ប៉ុន្តែទោះយ៉ាងណា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកត់សម្គាល់ថា បើទោះបីពិភ​ព​លោកមានបញ្ហាខាងសាសនាក្តី ដោយមាន ការជ្រុលនិយមក្តី ប៉ុន្តែនៅកម្ពុជាមិនមានបញ្ហានោះទេ។ សម្តេចបានគូសបញ្ជាក់ថា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវ បានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងពិតប្រាកដមិនប្រកាន់សាសនាឡើយ។ ពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿសាសនាដោយ​សេរី គ្មានពលរដ្ឋណាម្នាក់ត្រូវគេចាប់បង្ខំឲ្យជឿលើសាសនាណាមួយឡើយ។

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា វិស័យសាសនាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំ លើកកម្ពស់សីលធម៌ប្រជាជាតិ តំាងពីសម័យកាល យូរលង់ណាស់មកហើយ។ អរិយធម៌ វប្បធម៌ ប្រពៃណីជាប់ពាក់ព័ន្ធនឹងសាសនាក៏ជាចំណែកមួយយ៉ាងសំខាន់ សម្រាប់ជាអត្តសញ្ញាណជាតិរបស់ខ្មែរ ដូចដែលបានចែងក្នុងបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា សិក្ខាសាលានៅពេលនេះមានគោលបំណង ពង្រឹងភាពសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា និងស្វែងយល់ពីបញ្ហាប្រឈមមួយចំនួន ដើម្បីរកដំណោះស្រាយចូលរួមចំណែកអភិវឌ្ឍន៍ វិស័យសាសនា តាមក្រឹត្យក្រមនិងវិន័យ ក្នុងគោលបំណង រកសុខសុភមង្គលពិតប្រាកដ ទំាងផ្លូវកាយ ទំាងផ្លូវចិត្តជូនដល់មនុស្សជាតិ។

សូមជម្រាបជូនថា នេះជាលើកទី២ហើយដែល គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានរៀបចំ សិក្ខាសាលាបែបនេះឡើង។

នៅក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពី គោលការណ៍មួយចំនួន ដើម្បីឲ្យមាន សុខដុមនីយកម្មក្នុងវិស័យសាសនា នៅក្នុងសង្គម ក្នុងនោះរួមមាន ការគោរពគ្នា សាមគ្គីគ្នាជិតស្និទ្ធ និងស្មោះត្រង់ ដោយឈរលើគោលការណ៍ អធ្យាស្រ័យ និងយោគយល់គ្នា ក្នុងគ្រប់កាលៈទេសៈ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន