ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារី ដូមីនិក ប៉ារែន (Marie Dominique Parent) អនុប្រធានតំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុក សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
លោកជំទាវ ម៉ារី ដូមីនិក ប៉ារែន បានមានប្រសាសន៍ថា លោកជំទាវមានភាពរីករាយ ដែលបានមកជួបធ្វើសវនាការ ជាមួយឯកឧត្តម ប្រធានគណៈកម្មការ ជំនាញនៃរដ្ឋសភា ដែលទទួលភារកិច្ច ពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នាពេលនេះ ហើយគោលបំណងរបស់លោកជំទាវ គឺចង់ដឹងពីការវិវត្តន៍ នៃសេចក្តីព្រាងច្បាប់នេះ ដោយសារថាការិយាល័យ ឧត្ដមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានការព្រួយបារម្ភថា ច្បាប់នេះមិនមានការបើកចំហ អោយបានទូលំទូលាយ ស្របទៅតាម ស្តង់ដារអន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្រោយពីបានទទួលសេចក្តីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមក គណៈកម្មការទី៥នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦ បានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយសេចក្តីព្រាងច្បាប់នេះមានសរសេរពីគោលបំណងនិងគោលដៅយ៉ាងច្បាស់លាស់ដែលជាការពង្រឹងតួនាទី របស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលអោយទៅជាដៃគូអភិវឌ្ឍន៍ល្អរបស់កម្ពុជា។
ឯកឧត្តម ឈាង វុន បានបញ្ជាក់ថារដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយពីសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភាផងដែរ៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន