កម្មការជំនាញនៃរដ្ឋសភាចំនួនបីគឺ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន, គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ប៉ែន បញ្ញា បានជួបប្រជុំជាអន្តរគណៈកម្មការ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការ មិនមែន រដ្ឋាភិបាលនាព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រាបានបញ្ញត្តិថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវបានកំណត់ក្នុងច្បាប់ ហើយនៅក្នុងសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក៏បានធានាដល់សិទ្ធិរួមគ្នា បង្កើតជាសមាគម របស់ប្រជាពលរដ្ឋ នៃរដ្ឋហត្ថលេខី សំដៅផ្តល់នូវសិទ្ធិក្នុងការបង្កើតសមាគម និងសម្រាប់ការពារការអនុវត្តសិទ្ធិនេះ កុំអោយមានការប្រព្រឹត្តបំពានណាមួយ ។ ក្នុងទស្សនៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពី សារៈសំខាន់នៃការចូលរួមរបស់ អង្គការសង្គមស៊ីវិល ដោយចាត់ទុកជាដៃគូរមួយ ដ៏មាន សក្តានុពល និងប្រសិទ្ធភាពក្នុងដំណើរការស្តានិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងលើកស្ទួយ គាំពារគោលការណ៍ប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស នៅកម្ពុជា។
ឯកឧត្តម បានបន្តថា ដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនីតិរដ្ឋ និង លើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ក្នុងការអភិវឌ្ឍសង្គម កម្ពុជាលើគ្រប់វិស័យ តាមគោលការណ៍ប្រជាធិបតេយ្យ រាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា ក៏បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល និងបានដាក់អោយមានការពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកពាក់ព័ន្ធនានា ជាច្រើនលើករួចមកហើយ រហូតមកដល់ អាណត្តិទី៥នេះទើបរាជរដ្ឋាភិបាលសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់នេះមកកាន់រដ្ឋសភា។
កិច្ចប្រជុំអន្តរគណៈកម្មការក៏បាន សម្រេចឯកភាពគ្នា ទៅលើការកែសម្រួលពាក្យពេចន៍ និងអក្ខរាវិរុទ្ធមួយចំនួន ហើយសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ នេះទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំ រដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។
តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា មុននឹងរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី សមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលមានដែល៨ជំពូក រួមមាន៣៩មាត្រានេះ រដ្ឋសភា ក៏នឹងមាន ការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់មួយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធផងដែរ៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន